សំណង់សាលារៀនថ្មីរបស់មូលនិធិ ខេ អឹម អេច

Author

Luka D’Amato

ដោយមានគោលបំណងបន្តការចូលរួមចំណែកពង្រឹងវិស័យអប់រំសម្រាប់ទំពាំងស្នងឬស្សីរបស់ព្រះរាជាណាចក្រកម្ពុជា មូលនិធិ ខេ អឹម អេច របស់ ISI GROUP បានសម្រេចជាស្ថាពរនូវការសាងសង់សាលាបថមសិក្សាមួយឡើងវិញនៅក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ សាលារៀនពីរខ្នង បណ្ណាល័យ និងទីធ្លាកម្សាន្តថ្មីទាំងនេះនឹងក្លាយជាប្រភពបង្កើតឱកាសដល់កុមារា និងកុមារីក្នុងភូមិស្រែសោមចាស់។

លោក ប៊ុន ភារម្យ អ្នកនិពន្ធអត្ថបទនៅក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និងជាអ្នកជួយសម្របសម្រួលគម្រោងសាងសង់សាលាឡើងវិញមួយនេះ បានមានប្រសាសន៍ថា៖ «គម្រោងសាងសង់នេះត្រូវបានបង្កើតឡើងដើម្បីជួយឲ្យសិស្សានុសិស្សទទួលបានការអប់រំ និងដើម្បីបង្កើតកន្លែងសិក្សាមួយដែលពោរពេញទៅដោយភាពសប្បាយរីករាយសម្រាប់ប្អូនៗសិស្សសាលា។» លោកបានធ្វើការយ៉ាងម៉ត់ចត់ជាមួយនាយកសាលាបថមសិក្សាស្រែសោមចាស់ដើម្បីធានាបានថាសមទ្ធិផលចុងក្រោយនឹងប្រកបទៅដោយគុណភាព។

រូបភាពកុមារីម្នាក់នៅក្នុងភូមិស្រែសោមចាស់កំពុងអង្គុយសិក្សានៅក្រោយពេលដែលសំណង់សាលារៀនថ្មីត្រូវបានបញ្ចប់ជាស្ថាពរ

សាលាបឋមសិក្សាស្រែសោមចាស់ដែលត្រូវបានកែច្នៃ និងសាងសង់ឡើងវិញនេះនឹងផ្តល់នូវបរិយាកាសរៀនសូត្រដ៏ល្អស្រស់បំព្រងដល់សិស្សានុសិស្សចំនួន ១៤២នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី៥ ។ សាលារៀននេះត្រូវបានរចនា និងកែច្នៃដោយផ្អែកលើគំរូដើមរបស់ផ្ទះមេគង្គ ដើម្បីបំពេញតម្រូវការសិក្សារបស់កុមារា និងកុមារី ក៏ដូចជាដើម្បីការពារពួកគេពីកំដៅ និងខ្យល់មូសុងដែលជារឿយៗបង្ករឧបសគ្គក្នុងការសិក្សារបស់ពួកគេ។ ដើម្បីជួយដល់សិស្សានុសិស្ស និងគ្រូបង្រៀនក្នុងការប្រើប្រាស់សាលាថ្មីឲ្យប្រកបដោយផលវិជ្ជមាន យើងក៏បានបំពាក់ក្តារឃៀន និងតុសិក្សាក្នុងថ្នាក់នីមួយៗផងដែរ។

រូបភាពបន្ទប់សាលារៀនថ្មីដែលត្រូវបានសាងសង់ជិតរួចជាស្ថាពរ

លោក ភារម្យ បានបន្តឲ្យដឹងថា៖ «យើងបានជ្រើសរើសសាលាបឋមសិក្សាស្រែសោមចាស់ដើម្បីសាងសង់ និងកែលម្អឡើងវិញ ពីព្រោះសាលាមួយនេះមានភាពចាស់ទ្រុឌទ្រោម និងចង្អៀត ដែលជាហេតុធ្វើឲ្យប្អូនៗសិស្សសាលាមានភាពលំបាកក្នុងការសិក្សា ហើយអាចបណ្តាលឲ្យសិស្សៗបោះបង់ចោលការសិក្សានៅដំណាក់កាលដំបូងនៃការអប់រំរបស់ពួកគេ។» លោកបានបន្ថែមថា៖ «ឥឡូវនេះ ដោយការសាងសង់ឡើងវិញបានសម្រេចជាស្ថាពរ សាលាបថមសិក្សាស្រែសោមចាស់បានប្រែក្លាយមុខមាត់ថ្មី និងមានបណ្ណាល័យ ក៏ដូចជាបន្ទប់សិក្សាគ្រប់គ្រាន់ ដែលជួយឲ្យសិស្សនុសិស្សអាចផ្តោតលើវគ្គសិក្សារបស់ពួកគេបានប្រសើរជាងមុន។»

បន្ទប់សិក្សាចាស់ដែលធ្វើពីឈើ និងដំបូលប្រក់ស័ង្កសី មានភាពទ្រុឌទ្រោម មិនអាចការពារសិស្សពីភ្លៀងធំ ឬខ្យល់បក់ខ្លាំងបានយ៉ាងមានសុវត្ថិភាពឡើយ។ បន្ថែមពីលើនេះទៅទៀត សាលាកាលពីមុនមិនមានទឹកស្អាត បង្គន់អនាម័យ ឬសម្ភារសិក្សាត្រឹមត្រូវសម្រាប់សិស្សានុសិស្សនោះទេ។ ចំណុចទាំងអស់នេះគឺសុទ្ធសឹងតែជាកត្តារារាំងការសិក្សារបស់កុមារា កុមារី។ ដើម្បីជួយធានាឲ្យបាននូវសុខមាលភាពល្អសម្រាប់សិស្សទាំងឡាយ យើងក៏បានតំឡើងធុងទឹកស្អាត និងគ្រឿងបរិក្ខាអនាម័យនៅក្នុងទីធ្លាសាលាផងដែរ។ យើងក៏បានគ្រោងដាំដើមឈើនៅក្នុងបរិវេទសាលារៀនដើម្បីបង្កើតបរិយាកាសដែលលើកស្ទួយការរៀនសូត្រ និងលើកកម្ពស់របៀបរស់នៅដែលប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀនដូចគ្នា។

រូបភាពផ្លូវចូលសាលារៀនចាស់

លោក គង់ សុផា នាយកសាលាបថមសិក្សាសែ្រសោមចាស់ បានមានប្រសាសន៍ថា៖ «សាលាថ្មីនេះពិតជាធ្វើឲ្យខ្ញុំមានភាពរីករាយជាខ្លាំង។ ខ្ញុំជឿជាក់ថាយើងនឹងអាចបង្កើនគុណភាពនៃការអប់រំសម្រាប់សិស្សទាំងអស់របស់យើងបានក្នុងថ្ងៃអនាគត។»

កម្មវិធីកសាងសាលារៀនរបស់មូលនិធិ ខេ អឹម អេច បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសាងសង់សាលារៀនមួយឆ្នាំមួយខ្នង។ កង្វះខាតផ្នែកមូលធនក្នុងការកសាង ជួសជុល និងថែទាំសាលារៀន បណ្តាលឲ្យយុវជន យុវតីកម្ពុជាជាច្រើនមានភាពលំបាកក្នុងការតស៊ូរៀនសូត្រក្នុងអាកាសធាតុមិនល្អ។ ទន្ទឹមនឹងនេះ ថ្នាក់រៀនតូចៗ និងមានភាពចាស់ទ្រុឌទ្រោមក៏ជាហេតុមួយដែលរារាំងសិស្សានុសិស្សក្នុងការទទួលបានការអប់រំដែលមានគុណភាពខ្ពស់ផងដែរ។ អាស្រ័យហេតុនេះ ដើម្បីធានាបានថាសកម្មភាពរបស់យើងអាចជះឥទ្ធិពលវិជ្ជមានបានខ្លាំងបំផុត យើងផ្តោតសំខាន់លើការអភិវឌ្ឍក្នុងតំបន់ក្រីក្រដែលខ្វះខាតធនធានបំផុត។ យើងក៏បានសហការជាមួយមូលនិធិអតិថិជន វើលដ៍ផប ផងដែរដើម្បីធានាថាសាលារៀននានាដែលយើងបាន និងកំពុងជួយអាចសម្រេចបាននូវលទ្ធផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។ យើងសូមថ្លែងអំណរគុណចំពោះមូលនិធិអតិថិជន វើលដ៍ផប ដែលបានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារអាមេរិក ជាជំនួយដល់គំនិតផ្តួចផ្តើមកសាងសាលារៀននៅឆ្នាំនេះ ហើយយើងក៏អរគុណផងដែរសម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់ពួកគេក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។

លោក ភារម្យ បានមានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តដែលបានឃើញស្នាមញញឹមរបស់ក្មេងៗទាំងអស់ និងត្រេកអរដែលទីបំផុតពួកគេអាចអានសៀវភៅក្នុងថ្នាក់រៀនថ្មីមួយដែលពោរពេញទៅដោយផាសុកភាព។ នេះជាសាលារៀនដែលពួកគេសាកសមនឹងទទួលបាន។ ខ្ញុំតែងតែសង្ឃឹមថាសំណង់សាលារៀនថ្មីបែបនេះនឹងចូលរួមក្នុងការជួយកុមារទាំងនេះឲ្យក្លាយជាមនុស្សពេញវ័យដែលមានការអប់រំខ្ពស់ និងអនាគតល្អប្រសើរ។»

មូលនិធិ ខេ អឹម អេច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាការរំឭកគុណដល់ស្ថាបនិករបស់យើងគឺលោកឧកញ៉ា កាំង ម៉េងហ៊ុយ។ មូលនិធិ ខេ អឹម អេច លើកកម្ពស់ការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមតាមរយៈវិស័យអប់រំ សុខភាព កីឡា និងលំនៅដ្ឋាន។ ដើម្បីស្វែងយល់បន្ថែមអំពីសកម្មភាពទំនួលខុសត្រូវក្នុងសង្គមរបស់យើងនៅកម្ពុជា សូមចុចត្រង់នេះ